ត្រៀមអាវភ្លៀង! ភ្នំពេញ និងខេត្តទាំងនេះ នឹងធ្លាក់ភ្លៀង មានផ្គររន្ទះ ខ្យល់កន្រ្តាក់ខ្លាំង ៣ថ្ងៃជាប់គ្នា
យោងតាមការចេញផ្សាយលើផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា សមុទ្រចិនខាងត្បូង និងលើអាងទន្លេមេគង្គក្រោម នឹងធ្វើឱ្យតំបន់ធំៗទាំង៣នៃប្រទេសកម្ពុជាយើង ប្រឈមជាមួយនឹងការធ្លាក់ភ្លៀង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។
ទី១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ២.៥ម៉ែត្រ/វិនាទី។
ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២៥%។
ទី២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ២.៥ម៉ែត្រ/វិនាទី។
ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥%។
ទី៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ២.៥ម៉ែត្រ/វិនាទី។
ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០.៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០.៧៥ម៉ែត្រ៕


Post a Comment