Friday, August 22, 2025

ឈប់ឆ្ងល់ទៀត! នេះជាមូលហេតុធំ ធ្វើឱ្យមនុស្សភាគច្រើនស្អ.ប់ និងមិនចង់ស្តាប់សម្លេងខ្លួនឯង


 ធ្លាប់មិនចង់ស្តាប់សំឡេងខ្លួនឯងទេ? បើធ្លាប់ អ្នកមិនឯកាឡើយ មានមនុស្សច្រើនណាស់មិនហ៊ានសូម្បីស្តាប់សំឡេងខ្លួនឯងជាលើកទីពីរពេលថតក្នុងទូរស័ព្ទ ឬឧបករណ៍ផ្សេងៗ។ ហើយខាងក្រោមនេះ គឺជាការបកស្រាយរបស់លោក Ashish Shah អ្នកជំនាញផ្នែកសោតទស្សន៍​នៅមជ្ឈមណ្ឌល The Hearing Care Partnership។


លោក Ashish Shah បានពន្យល់ថា៖ «នៅពេលនិយាយ សំឡេងត្រូវបានផ្ទេរទៅត្រចៀករបស់យើងតាមពីរវិធីគឺ ខាងក្រៅដោយការបញ្ជូនខ្យល់ និងខាងក្នុងតាមរយៈខួរឆ្អឹងខ្នង។ ក្នុងនោះ ចំពោះដំណើរការខួរឆ្អឹងខ្នងមានការផ្ទេរប្រេកង់ទាប ដែលសំឡេងបញ្ចេញដោយខ្យល់មិនមាន»។



លោកបានបន្តទៀតថា៖ «នៅពេលនិយាយទៅកាន់អ្នកដទៃ ពួកគេបានឮសំឡេងរបស់យើងតាមរយៈសំឡេងដែលដំណើរការដោយខ្យល់ប៉ុណ្ណោះ ដូច្នេះពួកគេនឹងឮយើងក្នុងប្រេកង់ខ្ពស់។ ដូចគ្នាដែរ នៅពេលយើងឮសំឡេងខ្លួនឯងតាមរយៈការថតសំឡេង វាគ្មានសំឡេងដែលដំណើរការដោយខួរឆ្អឹងខ្នងដើម្បីបន្ថែមប្រេកង់ទាបទេ ម្ល៉ោះហើយយើងនឹងឮខ្លួនឯងតាមរបៀបដែលយើងមិនធ្លាប់ឮ។ ហើយនេះជាមូលហេតុដែលធ្វើឲ្យមនុស្សភាគច្រើន មិនចូលចិត្តស្តាប់សំឡេងរបស់ខ្លួននៅពេលចាក់វាឡើងវិញ»។


យ៉ាងណាមិញ រឿងដ៏គួរឲ្យចាប់អារម្មណ៍ ប្រសិនបើអ្នកដកអត្តសញ្ញាណបុគ្គលនោះចេញ ហើយឲ្យពួកគេស្តាប់សំឡេងខ្លួនឯងដោយចៃដន្យ ឬដោយមិនដឹងខ្លួន នោះពួកគេនឹងមិនមានបញ្ហាអ្វីឡើយ។ ត្រង់ចំណុចនេះលោក Ashish Shah បានបញ្ជាក់ថា តាមរយៈការសិក្សាពីមុនបានរកឃើញថា នៅពេលដែលអ្នកចូលរួមមួយក្រុមត្រូវបានស្នើសុំឲ្យវាយតម្លៃភាពទាក់ទាញនៃការថតសំឡេងផ្សេងៗគ្នា ដែលរួមបញ្ចូលដោយសម្ងាត់ ពួកគេបានវាយតម្លៃសំឡេងរបស់ខ្លួនឯងខ្ពស់ជាង នៅពេលដែលមិនដឹងថាវាជារបស់ពួកគេ៕



ក្រៅពីមានជំនាញទាត់បាល់ លោក ហុងដា ក៏ជាអ្នកជំនួញ ចូលចិត្តយកលុយរកស៊ីវិស័យទាំងនេះ


 ក្រៅពីធ្លាប់ជាកីឡាករបាល់ទាត់ឆ្នើម និងជាគ្រូបង្វឹកដ៏ជំនាញ ដែលស្ម័គ្រចិត្តចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាឱ្យកាន់តែរីកចម្រើន និងអាចឈានទៅដល់ការទទួលស្គាល់ជាអន្តរជាតិ លោក Keisuke Honda ក៏ជាអ្នកជំនួញមួយរូបដែលចូលចិត្តចំណាយលុយលើការវិនិយោគបង្កើនទ្រព្យផងដែរ។


ជាក់ស្ដែងអតីតកីឡាកររូបនេះ មានការងារធំៗចំនួន៤ រួមទាំងស្ថាបនិក និងCEO នៅ Now Do សហស្ថាបនិក Dreamers VC និង Head Brand Ambassador នៅ Agribuddy ។ បន្ថែមពីនោះ លោកបានវិនិយោគទឹកប្រាក់រាប់លានដុល្លារចូលទៅក្នុងក្រុមហ៊ុនជាច្រើនទៀតដូចជា៖ maliPay, Astar Network, Anyplace, Reiwa Travel, WARPSPACE, Attractive.ai, Manabie, Public.com, Alchemy, Sandbox VR ។




បន្ថែមពីនោះ លោក ហុងដា ក៏ជាស្ថាបនិកមូលនិធិវិនិយោគ KSK Angel Fund និងបង្កើតគម្រោងវិនិយោគឈ្មោះ Dreamers Fund កាលពីឆ្នាំ២០១៨ ដែលចាប់ដៃជាមួយកំពូលតារាសម្ដែងដ៏ល្បីរបស់អាមេរិក Will Smith ដោយត្រឹមរយៈពេល២ឆ្នាំសោះ បានវិនិយោគលើអាជីវកម្មបង្កើតថ្មី ១៨០អាជីវកម្មក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ។


ក្នុងឆ្នាំនោះដដែល លោកក៏បានបើកដំណើរការ PROTOCOL ដែលជាវេទិកាសកលថ្មីដែលជួយដល់អ្នកចាប់ផ្តើមអាជីវកម្មបង្កើតថ្មី តភ្ជាប់គ្នាជាមួយនឹងវិនិយោគិន, VCs, បុគ្គលមានឥទ្ធិពលឱ្យសហការរកស៊ីជាមួយគ្នា ដោយតភ្ជាប់ពីប្រទេសជប៉ុន អាស៊ី និងជុំវិញពិភពលោក។


សេដ្ឋីបាល់ទាត់រូបនេះ មានចំណាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគជាមួយនឹងអាជីវកម្មបង្កើតថ្មីនៅជុំវិញពិភពលោក ព្រោះលោកចង់ជួយឱ្យសហគ្រិនវ័យក្មេងទាំងនោះអាចសម្រេចក្ដីស្រមៃរបស់ពួកគេ ហើយគាត់អាចចូលរួមបង្កើតនូវជំនួញដែលមានឥទ្ធិពលវិជ្ជមាន ជួយឱ្យពិភពលោកកាន់តែប្រសើរឡើងជាងមុន សម្រាប់អ្នកជំនាន់ក្រោយ។


ថ្វីត្បិតតែមិនទាន់មានប្រភពធំៗ ទម្លាយឱ្យដឹងអំពីតម្លៃទ្រព្យរបស់លោកជាក់លាក់ដូចមហាសេដ្ឋីភាគច្រើនលើលោកក៏ពិតមែន ប៉ុន្តែតាមរយៈកាវិនិយោគលើអាជីវកម្មរាប់រយ និងការងារធំៗជាច្រើនមុខ ត្រូវបានគេប៉ាន់ស្មានថាទ្រព្យសម្បត្តិសរុបរបស់លោកមិនតិចជាង ១៣.៨លានដុល្លារនោះទេ។


គួរជម្រាបផងដែរថា ក្រោយបញ្ចប់ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ ការប្រកួតនេះ ក៏ជាពេលវេលាចុងក្រោយនៃការដឹកនាំរបស់លោក Keisuke Honda ក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ បន្ទាប់ពីលោកបានចំណាយពេលលះបង់ជូនកម្ពុជាយើង៥ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៨មក៕



ប្រយ័ត្នរើខ្លួនលែងរួច! បណ្ឌិត អោ វិទូ ប្រាប់មូលហេតុធំបំផុត១ ធ្វើឱ្យការរកស៊ី ងាយដួល ពិបាករីកចម្រើន


 ក្រោយឆ្លងកាត់បទពិសោធន៍ជាអ្នករកស៊ី និងជាវិនិយោគិនអស់ជាច្រើនឆ្នាំ បណ្ឌិត អោ វិទូ នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេនម៉ាស្ទ័រកម្ពុជា (Brain Master Cambodia) បានរកឃើញមូលហេតុធំបំផុតមួយដែលនាំឱ្យអាជីវកម្មជាច្រើនធ្លាក់ទៅក្នុងបញ្ហាបំណុលវ័ណ្ឌកគឺ «ការដែលគ្មានផែនការអាជីវកម្មច្បាស់លាស់»។


លោកវិទូ មានប្រសាសន៍យ៉ាងដូច្នេះថា «ធ្វើអ្វីក៏ដោយត្រូវតែមានផែនការ អ្នកដឹកនាំ សហគ្រិនត្រូវតែមានផែនការអាជីវកម្មនៅក្នុងដៃ»។ ហើយលោកក៏បានចែករំលែកនូវគន្លឹះពិសេស៤ អាចជួយការពារអាជីវកម្មមិនឱ្យធ្លាក់ទៅក្នុងបំណុលវ័ណ្ឌក៖



១-រៀបផែនការ៖ ត្រង់ចំណុចនេះលោក លើកឡើងថាអាជីវកម្មមួយដែលល្អ គួរតែរៀបផែនការជាមុនឱ្យបានយ៉ាងតិចពី ៣ទៅ៥ឆ្នាំ។ ហើយផែនការនេះទៀតសោតមិនមែនគ្រាន់តែគិតព្រៀងលេងៗទេ ម្ចាស់អាជីវកម្មគួរតែសរសេរគូសវាសឱ្យបានកាន់តែស៊ីជម្រៅកាន់តែប្រសើរ។


អ្នកជំនាញរូបនេះបានបង្ហើបដែរថា នៅមួយឆ្នាំដំបូងអាជីវកម្មអាចនឹងមិនដំណើរការតាមផែនការគ្រោងទុក្ខ១០០%ឡើយ យ៉ាងច្រើនវាបានតែ៧០%ទៅ៨០%ជាងអីគឺជាសញ្ញាល្អហើយ។ លុះដល់ឆ្នាំទី២ ទី៣ លទ្ធផលអាចនឹងបានដូចផែនការគ្រោងទុកចាប់ពី ៨០% ដល់៩០%ឡើង។ នៅពេលដែលលទ្ធផលបានមកមិនសូវខុសពីផែនការគ្រោងទុក អាជីវកម្មក៏មិនសូវមានហានិភ័យ។ វាអាចជួយកាត់បន្ថយបញ្ហាចាយលុយលើស ឬការខ្វះលុយរុញប្រតិបត្តិការអាជីវកម្មឱ្យទៅមុខ ដែលជាហេតុនាំឱ្យជាប់បំណុលធនាគារច្រើនខាតការប្រាក់។


២-តាមដានសុខភាពហិរញ្ញវត្ថុ៖ លោកវិទូ ណែនាំឱ្យសម្លឹងមើលទ្រព្យសកម្ម ព្រមទាំងទុនបម្រុងនៅក្នុងអាជីវកម្មឱ្យបានទៀងទាត់។ ប្រសិនបើនៅពេលចាប់ផ្ដើមអាជីវកម្មមួយ យើងមានបំណុលត្រឹម ៣០%ទៅ៤០% វាជារឿងល្អ ហើយពេលដំណើរការបាន ៤ទៅ៥ឆ្នាំបំណុលធ្លាក់ចុះមកសល់ត្រឹម១០% ជាសញ្ញាកាន់តែល្អ។ ករណីនេះគឺសម្រាប់អាជីវកម្មដដែល ប៉ុន្តែប្រសិនបើអំឡុងពេលនោះយើងពង្រីកមុខរបរបន្ថែម លក្ខខណ្ឌបំណុលអាចនឹងកើន។ យ៉ាងណាមិញលោកវិទូបានសង្កត់ធ្ងន់ថា «ឱ្យតែយើងច្បាស់ថាអាជីវកម្មដែលចង់ពង្រីក មិនថាទី២ ទី៣ ទី៤ អាចបង្កើតប្រាក់ចំណូលកាន់តែច្រើន យើងមិនខ្លាចអ្វីនឹងបង្កើនបំណុលទេ»។


៣-រកដៃគូបន្ថែម៖ ក្នុងករណីចង់ពង្រីកអាជីវកម្ម អ្នកជំនាញរូបនេះ បានលើកទឹកចិត្តឱ្យជ្រើសរើសការកៀរគរទុនតាមរយៈការស្វែងរកដៃគូសហការបន្ថែម។ លោកបានពន្យល់ថា ពេលដែលយើងមានផែនការអាជីវកម្មច្បាស់លាស់ និងដឹងច្បាស់ថាវាអាចបង្កើតប្រាក់ចំណេញបាន មិនខ្វះទេអ្នកដែលសប្បាយចិត្តក្នុងការបន្ដាក់ទុនសហការជាមួយ។


លោកបន្តថា ការហៅមនុស្សចូលសហការជួយឱ្យយើងចំណេញបានគំនិតល្អសម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម ហើយចំណេញបានទាំងទុនបង្វិលឱ្យមិនចាយអត្រាការប្រាក់ថែមទៀត។ ហើយដើម្បីបង្កាបញ្ហាពេលធ្វើការគ្នាច្រើន លោកណែនាំឱ្យ រៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងឱ្យបានច្បាស់លាស់ បែងចែកតួនាទីទៅតាមជំនាញ ព្រមទាំងបែងចែកប្រាក់ចំណេញឱ្យបានហ្មត់ចត់។


៤-ពិនិត្យមើលការចាយវាយ៖ ត្រង់ចំណុចនេះលោកវិទូបានលើកឡើងដោយផ្ដោតសំខាន់ទៅលើការចំណាយលើការធ្វើទីផ្សារ។ លោកថា ម្ចាស់អាជីវកម្មខ្លះចាយលុយខុស មិនចំគោលដៅ ជះលុយលើការដាក់ផ្សាយពាណិជ្ជកម្មអស់លុយមួយកំណរតែមិនសូវបានផល។ នេះគឺដោយសារតែមិនចេះពីវិធីដាក់ឱ្យចំអតិថិជនគោលដៅ។


លោកបានពន្យល់ដោយលើកជាឧទាហណ៍ថា ក្រុមហ៊ុន Microsoft ពេលធ្វើទីផ្សារដំបូងគេមិនបានទៅដាក់ផ្សាយលើផ្លាកប៉ាណូធំៗអ្វីទេ គឺគេសហការជាមួយនឹងសាលាដាក់ឱ្យប្រើប្រាស់កម្មវិធីរបស់ខ្លួនឥតគិតថ្លៃ។ ជាលទ្ធផលគឺសិស្សនិស្សិត រាប់ពាន់នាក់ដែលជាអតិថិជនគោលដៅ បានស្គាល់និងប្រើប្រាស់ Microsoft តាំងពីនៅសាលារហូតក្រោយបញ្ចប់ការសិក្សា។


ជាមេរៀនធ្វើឱ្យយើងឃើញថា ពេលដែលយើងស្គាល់ច្បាស់ថាអ្នកណាជាអតិថិជនគោលដៅ យើងត្រូវតែរកវិធីចូលទៅរកពួកគាត់។ មិនមែនទាល់តែចាយលុយច្រើនទើបគេស្គាល់ផលិតផលរបស់យើងទេ ចាយតិចក៏បានដែរ ឱ្យតែចាយត្រូវកន្លែង។


អ្នកជំនាញរូបនេះបានគូសបញ្ជាក់ផងដែរថា «អាជីវកម្មមួយពិបាកនឹងរីកចម្រើនទៅមុខណាស់ បើអ្នកដឹកនាំមិនមានផែនការច្បាស់លាស់ និងស៊ីជម្រៅ»។ ហើយលោកបានផ្ដាំបន្ថែមទៀតថា បើចង់ចេញរកស៊ី មិនថាវិស័យអ្វីឡើយ ចូរសិក្សាពីយុវវ័យមិនមែនមនុស្សចាស់ទេ ព្រោះមានតែយុវវ័យទេដែលជាអតិថិជនគោលដៅរបស់អ្នកបានយូរអង្វែងនិងមិនចេះរីងស្ងួត បើអ្នកអាចបំពេញតម្រូវការរបស់ពួកគាត់បានអ្នកនឹងជោគជ័យហើយ៕


ត្រូវប៉ាន់ហើយ!​ រថយន្ដអគ្គិសនី ៣ ប្រភេទនេះទទួលបានការកាត់បន្ថយពន្ធ ៥០ ភាគរយ


 កាលពីថ្ងៃព្រហស្បតិ៍ទី ២១​​​ សីហា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាស បាន​សម្រេច​ធ្វើការ​កែសម្រួល​បន្ថយ​អត្រាពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សម្រាប់​រថយន្ត​ប្រើប្រាស់​ថាមពល អគ្គិសនី (EV) ប្រភេទ​ទេសចរណ៍ ដឹក​ទំនិញ​ធុន​តូច​មាន​ទ្វារ​៤ (​ភិ​ក​អាប់​) និង​ដឹក​អ្នកដំណើរ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសជាសាធារណៈ។




​អនុលោម​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​រថយន្ត ដែល​ប្រើប្រាស់​ថាមពល អគ្គិសនី (EV) នៅ​កម្ពុជា និង​ស្រប​តាម​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី ឆ្នាំ​២០២៤-២០៣០ របស់​រាជរដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​សាធារណជន និង​ម្ចាស់​រថយន្ត​អំពី ការ​កែសម្រួល​បន្ថយ​អត្រាពន្ធ ដែល​បានចែងក្នុងឆ្នាំ ២០២៤ សម្រាប់​រថយន្ត​ប្រើប្រាស់ ថាមពល​អគ្គិសនី (​អ៊ី​វី​) ប្រភេទ​ទេសចរណ៍ ដឹក​ទំនិញ​ធុន​តូច​មាន​ទ្វារ​៤ (​ភិ​ក​អាប់​) និង​ដឹក​អ្នកដំណើរ។ ហើយការកែសម្រួលនេះមានដូចជា ៖ 




រថយន្តអគ្គិសនីដែលមានកម្លាំង ២០០សេះ ដល់ ២៥០សេះ គឺទទួលបាននូវការបន្ថយពន្ធផ្លូវពី ៥០០​​ ០០០៛ មក ៣០០ ០០០៛។
 រថយន្តអគ្គិសនីដែលមានកម្លាំង ២៥០សេះ ដល់ ៣០០សេះ គឺទទួលបាននូវការបន្ថយពន្ធផ្លូវពី១២០​ ០០០៛ មក ៥០០ ០០០៛។
 រថយន្តអគ្គិសនីដែលមានកម្លាំងចាប់ពី ៣០០សេះ គឺទទួលបាននូវការបន្ថយពន្ធផ្លូវពី ១​ ៦០០ ០០០៛ មក ៨០០ ០០០៛។



គូសបញ្ជាក់ផងដែរថា សម្រាប់ពន្ធដែលបានរៀបរាប់ខាងលើ គឺត្រូវបានអនុវត្តសម្រាប់តែប្រភេទរថយន្តអគ្គិសនីថ្មីសម្រាប់រយៈពេល ៥ ឆ្នាំដំបូងតែប៉ុណ្ណោះ លើសពី ៥ ឆ្នាំទៅ ១០ឆ្នាំ ​គឺតម្លៃពន្ធបន្តធ្លាក់ចុះដាច់ដោយឡែកផ្សេងពីនេះទៀត ។ 

Wednesday, August 20, 2025

នេះជាចំនួនទុនក្រុមហ៊ុន Coca-Cola វិនិយោគនៅកម្ពុជា ខណៈបង្កើតការងារខ្ទង់ពាន់កន្លែង



កើតចេញពីទឹកដីសហរដ្ឋអាមេរិក កូកា-កូឡា គឺជាក្រុមហ៊ុនភេសជ្ជៈដ៏ធំបំផុតមួយនៅលើពិភពលោក ដែលមានប្រវត្តិជាង១៣០ឆ្នាំ ហើយផលិតផលរបស់ខ្លួនត្រូវបានចែកចាយទៅកាន់ជាង ២០០ប្រទេស។​ 


កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន Cambodia Beverage Company Ltd. (ហៅកាត់ថា កូកា-កូឡា កម្ពុជា) បានចាយទុនប្រមាណ ១០០លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ការវិនិយោគនេះបានបង្ហាញអំពីភាពជឿជាក់របស់ក្រុមហ៊ុនចំពោះទីផ្សារកម្ពុជា និងសក្ដានុពលសេដ្ឋកិច្ចក្នុងតំបន់។ 




លើសពីនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានបង្កើតនូវការងារផ្ទាល់ជាង ៣០០ កន្លែង និងការងារបណ្តែតជាង ១,៨០០ កន្លែង ដែលក្នុងនោះ បុគ្គលិកដែលជាជនជាតិខ្មែរ មានដល់ទៅជាង ៨០០នាក់ ព្រមទាំងបង្កើតឱកាសការងារ សម្រាប់សហគមន៍ជុំវិញដែលពាក់ព័ន្ធ ប្រមាណជាង ៨,០០០នាក់។


យោងតាមប្រភពពីក្រសួងព័ត៌មានបានឱ្យដឹងថា តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Swire Coca-Cola បានទទួលសិទ្ធិជាម្ចាស់  ក្រុមហ៊ុន Cambodia Beverage Company Ltd. (ហៅកាត់ថា កូកា-កូឡា កម្ពុជា) ដែលមានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខពីក្រុមហ៊ុន The Coca-Cola Company របស់សហរដ្ឋអាមេរិក នូវរាល់ផលិតផលភេសជ្ជៈគ្រប់មុខទាំងអស់របស់ កូកា-កូឡា។


គួរជម្រាបផងដែរថា ជាមួយនឹងម៉ាកសញ្ញាដ៏ល្បីល្បាញ និងបណ្ដាញចែកចាយយ៉ាងទូលំទូលាយ កូកាកូឡា មិនត្រឹមតែជាក្រុមហ៊ុនផ្គត់ផ្គង់ភេសជ្ជៈដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាម៉ាកពាណិជ្ជកម្មដែលមានឥទ្ធិពលលើវប្បធម៌ កីឡា និងសង្គមជាសកលផងដែរ៕

 



Follow ឬនៅ? នេះជាគណនី TikTok ផ្លូវការរបស់ សេតវិមាន នៃប្រធាធិបតី ដូណាល់ត្រាំ



 សេតវិមាន (White House) បានបើកគណនីផ្លូវការលើ TikTok ជាលើកដំបូង នៅថ្ងៃទី 19 សីហា 2025 ដោយប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារជាទីទាក់ទាញថា “America we are BACK! What’s up TikTok?”។ 


វាបានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ចិនមួយនេះ ត្បិតថា The White House គឺជាគណនីផ្លូវការរបស់ស្ថាប័នធំជាងគេមួយរបស់សហរដ្ឋអាមេរិក។ ដោយមិនប៉ុន្មានម៉ោង ក្រោយពីការបង្ហោះវីដេអូ បាន៣ បន្តបន្ទាប់គ្នា ចំនួនអ្នកតាមដានបានហក់ដល់ ជាង 57K followers។ 


គួរជម្រាបផងដែរថា គណនី TikTok ផ្លូវការថ្មីរបស់សេតវិមាន នឹងត្រូវគេប្រើប្រាស់សម្រាប់ជាមធ្យោបាយផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយប្រជាពលរដ្ឋអាមេរិក និងពិភពលោកទាំងមូល៕





តិចភ្ជាប់អត់ដឹងខ្លួន! អ្នកពូកែចុចលីងលើ Telegram កុំភ្លេចចូលឆែក និងផ្តាច់កន្លែងនេះផង


ជាទូទៅការចុចតំណភ្ជាប់ link ឬ Website ដោយចៃដន្យ គឺជាបញ្ហាទូទៅមួយដែលមនុស្សជាច្រើនជួបប្រទះ ជាពិសេសនៅពេលប្រើទូរស័ព្ទ។ វាកើតឡើងនៅពេលដែលអ្នកប៉ះលើអេក្រង់ដោយមិនបានប្រុងប្រយ័ត្ន ហើយបើកតំណភ្ជាប់ណាមួយដោយអចេតនា ឬមួយទៀតជាចេតនារបស់អ្នកតែអ្នកភ្លេចខ្លួនផ្តាច់ចេញ។



 ជាការពិតណាស់ Telegram មានមុខងារមួយដែលអនុញ្ញាតឱ្យអ្នកពិនិត្យមើល និងគ្រប់គ្រងគេហទំព័រដែលបានភ្ជាប់ជាមួយគណនីរបស់អ្នក។ ដើម្បីពិនិត្យមើលថាគណនី Telegram របស់អ្នកបានភ្ជាប់ទៅនឹងគេហទំព័រ ឬសេវាកម្មណាមួយដោយមិនដឹងខ្លួន សូមអនុវត្តតាមជំហានទាំងនេះ៖


របៀបពិនិត្យមើល Active Websites


.បើកកម្មវិធី Telegram 

.ចូលទៅកាន់ Settings 

.ជ្រើសរើស Privacy and Security 

.រកមើលពាក្យ Active Websites ហើយចុចលើវា។


នៅក្នុងផ្នែក Active Websites អ្នកនឹងឃើញបញ្ជីនៃគេហទំព័រ ឬសេវាកម្មទាំងអស់ដែលបានភ្ជាប់ទៅនឹងគណនី Telegram របស់អ្នក។ ជាធម្មតា ការភ្ជាប់ទាំងនេះកើតឡើងនៅពេលដែលអ្នកប្រើមុខងារ Log in with Telegram នៅលើគេហទំព័រ ឬកម្មវិធីផ្សេងៗ។


របៀបផ្តាច់ (Log out) ពីគេហទំព័រដែលមិនទុកចិត្ត


ប្រសិនបើអ្នកឃើញគេហទំព័រណាដែលអ្នកមិនស្គាល់ ឬមិនទុកចិត្តនៅក្នុងបញ្ជីនោះ អ្នកគួរតែផ្តាច់វាចោលភ្លាមៗ។


ចូលទៅក្នុងក្រឡោន Active Websites សូមចុចលើឈ្មោះគេហទំព័រដែលអ្នកចង់ផ្តាច់

បន្ទាប់មកចុចលើពាក្យ Log out រួចជាការស្រេច។



(រូបឧទាហរណ៍)


បិទមុខងារ Preview: ទោះបីជា Telegram មិនមានជម្រើសសម្រាប់បិទមុខងារនេះទាំងស្រុងក៏ដោយ តែអ្នកអាចបិទវាសម្រាប់សារនីមួយៗបាន។ មុននឹងផ្ញើសារដែលមានតំណភ្ជាប់ សូមចុចលើសញ្ញា X ដើម្បីលុប Preview ចេញ វានឹងជួយកាត់បន្ថយការចង់ចុចលើតំណភ្ជាប់នោះដោយអចេតនា។



ការធ្វើបែបនេះនឹងជួយការពារគណនីរបស់អ្នកពីការចូលប្រើប្រាស់ដែលមិនត្រូវបានអនុញ្ញាត ហើយវាជាជំហានដ៏សំខាន់មួយក្នុងការរក្សាសុវត្ថិភាពលើអ៊ីនធឺណិត។



គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នារកមិនឃើញពាក្យ Active Websites លើ Telegram របស់អ្នកទេ នោះមានន័យថាគណនីរបស់អ្នកមិនបានភ្ជាប់ជាមួយគេហទំព័រណាមួយឡើយ។ 

Tuesday, August 19, 2025

ក្រុមហ៊ុន Anana Computer ចាប់ដៃក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ២ ធ្វើសិក្ខាសាលាបង្ហាញអនាគតកុំព្យូទ័រ AI

កាលពីថ្ងៃ ២៣ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន Dell Technologies សហការជាមួយនឹង ក្រុមហ៊ុន AnAnA Computer នឹងក្រុមហ៊ុន VST ECS Thailand បានរៀបចំនូវកម្មវិធីមួយ ជួបជុំតំណាងដៃគូរអាជីវកម្មយុទ្ធសាស្ត្រ ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន ក៏ដូចជាអ្នកជំនាញមកពីអន្តរជាតិ បង្ហាញពីអនាគតនៃកុំព្យូទ័រនៅយុគសម័យ AI។


ក្នុងកិច្ចចាប់ផ្ដើមនៃកម្មវិធីលោក Khor Chee Sen អ្នកគ្រប់គ្រងការអភិវឌ្ឍប្រចាំតំបន់របស់ Dell Technologies បានឡើងថ្លែងបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក៏ដូចជាណែរនាំអំពីភាពជាដៃគូរជាមួយនឹងក្រុមហ៊ុន Dell Technologies និងអត្ថប្រយោជន៍មួយចំនួនដែលដៃគូរទទួលបាន។


បន្ថែមពីនេះលោក Chris Papa ជាអ្នកគ្រប់គ្រងទូរទៅនៃក្រុមដំណោះស្រាយអតិថិជននៅអាស៊ីខាងត្បូងនិងទីផ្សារថ្មីកំពុងអភិវឌ្ឍរបស់ Dell Technology ក៏បានបើកបង្ហាញពីអនាគតនៃផលិតផល Dell ដែលនឹងមានវត្តមានក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ ព្រមទាំងអនាគតនៃកុំព្យូទ័រ ដែលហៅថា AI PC បំពាក់មកស្រាប់នៃបញ្ញាសិប្បនិម្មិតផងដែរ។


ជាមួយគ្នានេះ តំណាងក្រុមហ៊ុន NVIDIA ដែលជាក្រុមហ៊ុនមានតម្លៃបំផុតមួយលើពិភពលោក បានចែករំលែកអំពីបច្ចេកវិទ្យារបស់ NVIDIA ទៅលើបច្ចេកវិទ្យា AI ដែលកំពុងតែមានការចាប់អារម្មណ៍ប្រើប្រាស់ច្រើន ពីសំណាក់មនុស្សទូរទាំងពិភពលោក ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ចុងក្រោយរបស់ខ្លួនក៏មានបំពាក់នៅលើកុំព្យូទ័របស់ Dell ជំនាន់ចុងក្រោយផងដែរ។


ជាកិច្ចបញ្ចប់នៃការចែករំលែករបស់តំណាងក្រុមហ៊ុន Dell Technology មុននឹងឈានចូលដល់កម្មវិធី Cambodia Strategic Partner Symposium 2025 លោក Mak Chin Wah នាយកគ្រប់គ្រងនៃទីផ្សារលេចឡើងថ្មី របស់ក្រុមហ៊ុន Dell Technologies បានមានប្រសាសន៍បង្ហាញឱ្យឃើញ ពីទស្សនវិស័យជារួមរបស់ក្រុមហ៊ុន Dell Technologies និង អនាគតនៃបច្ចេកវិទ្យារបស់ខ្លួន។

លុះដល់កម្មវិធីពេលល្ងាច លោក Chin Wah ដដែលបានថ្លែងស្វាគមន៍ និង អរគុណយ៉ាងជ្រាលជ្រៅសម្រាប់ដៃគូរសហការ ដែលតែងតែសហការនិងគាំទ្រយីហោ Dell រហូតមក និង ជូនពរឱ្យរីកចម្រើនទាំងអស់គ្នាបន្តទៅទៀត។


បន្តដោយលោក Kiriroth Chan ក៏មានជាកិច្ចថ្លែងអំណរគុណដល់ដៃគូរក្រុមហ៊ុន VST ECS Thailand និង បង្ហាញពីអារម្មណ៍រំភើបរីករាយដែលមានកម្មវិធីថ្ងៃនេះ ដោយមានការចែករំលែកចំណេះដឹង ដល់ដៃគូរអាជីវកម្មជាច្រើនបានយល់កាន់តែច្បាស់ អំពីបច្ចេកវិទ្យាថ្មី ក្នុងយុគសម័យ AI។



ជាចុងក្រោយ លោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន អាណាណាកុំព្យូទ័រ បានបង្ហាញពីក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានសហការជាមួយក្រុមហ៊ុន Dell Technology និង VST ECS Thailand ក្នុងការរៀបចំកម្មវិធីនេះ ដោយមានលទ្ធផលល្អ និង រលូន ដោយជួយឱ្យដៃគូរសហការណ៍ និង ដៃគូរចែកចាយមានការយល់ដឹងបន្ថែមអំពីបច្ចេកវិទ្យាថ្មី ដែលក្រុមហ៊ុន Dell Technology និង VST ECS Thailand នាំមកនៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសបច្ចេកវិទ្យា AI ដែលតួរយ៉ាងសំខាន់នាពេលបច្ចុប្បន្ន។



សំរាប់អតិថិជន ដែលមានបំណងជាវផលិតផលម៉ាក Dell យកទៅចែកចាយបន្តសូមទំនាក់ទំនងមកកាន់ អាសយដ្ឋាននៅអគារលេខ៩៥ មហាវិថីព្រះនរោត្តម (ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ) ឬតាមរយៈទូរស័ព្ទលេខ ០២៣ ២១១ ៥៤៣, ០១២ ៨៣១ ៥១៦, ០១៥ ៨៣១ ៥១៦ និងតាមរយៈ www.ananacomputer.com ឬ www.facebook.com/ananacomputer ៕





 

នរណាខ្លះកំពុងប្រើ? Telegram បើកឱ្យអ្នកប្រើប្រាស់អាចរកលុយបានហើយ ឱ្យតែគ្រប់គោលការណ៍ទាំងនេះ


បើទោះបីជាមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Telegram មិនទាន់មាន ប្រព័ន្ធ Monetization ផ្ទាល់ក៏ដោយ ក៏លោកអ្នកដែលមានបំណងចង់រកចំណូលបន្ថែម នៅតែអាចទាញចំណូលពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយកំពូលមួយនេះដោយផ្ទាល់បាន តាមរយៈ Telegram Ads Platform។


Telegram Ads Platform គឺជាវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មផ្លូវការរបស់ Telegram ដែលអនុញ្ញាតឲ្យបង្ហាញ Sponsored Messages នៅក្នុង Public Channel ដែលមានអ្នកតាមដានចាប់ពី 1000 Subscribersឡើងទៅ។


ខាងក្រោមនេះជាលក្ខណៈមួយចំនួនដែលលោកអ្នកគួរដឹង៖


ទី១-ត្រូវមាន Channel ធំ ចាប់ពី 1000 subscribers ឡើងទៅ


ទី២-ក្រុមហ៊ុន Telegram ចែកចំណូល 50% ជូនម្ចាស់ Channel 


ទី៣-តម្រូវឱ្យមាន TON Wallet ព្រោះ Telegram នឹងទូទាត់ជាថូខិន TON (Telegram Open Network)


ទី៤-ការចុះឈ្មោះជាភ្នាក់ងារ ឬ Advertiser នៅលើ https://ads.telegram.org


គួរជម្រាបផងដែរថា លោកអ្នកដែលមានបំណងបង្កើតនូវ Channel Telegram ដើម្បីឱ្យមានអ្នកគាំទ្រច្រើន សូមកុំភ្លេចចែករំលែកនូវមាតិកាដែលមានប្រយោជន៍ ចែករំលែកចំណេះដឹងល្អៗ ព្រោះក្រៅពីការរកចំណូលផ្ទាល់ខ្លួន ការបង្កើតនូវមាតិកាក៏ជាចំណែកសំខាន់ជះឥទ្ធិពលវិជ្ជមានទៅកាន់សង្គមជាតិផងដែរ៕  

មិនមែន iPhone ឬ Samsung! យីហោទូរស័ព្ទ១ម៉ូដែលនេះ ជាប់ឈ្មោះជាអធិរាជទូរស័ព្ទ លក់ដាច់បំផុតលើលោក


 សព្វថ្ងៃបើនិយាយដល់ម៉ូដែលទូរស័ព្ទដែលល្បីល្បាញនិងពេញនិយម គេប្រាកដជានឹកឃើញដល់ iPhone ឬក៏ Samsung ជាមិនខាន តែលោកអ្នកមានដឹងទេថា តាមការពិតទៅម៉ូដែលទូរស័ព្ទដែលឈរលើចំណាត់ថ្នាក់លេខ១ លក់ដាច់បំផុតនៅលើពិភពលោកមកទល់នឹងឆ្នាំ២០២៤ មិនទាន់មានម៉ូដែលណាអាចបំបែកកំណត់ត្រារបស់វាបាននៅឡើយនោះគឺ ជាម៉ូដែលរបស់យីហោ Nokia។


ខាងក្រោមនេះ ជាបញ្ជីរាយឈ្មោះម៉ូដែលទូរស័ព្ទលក់ដាច់បំផុតទាំង១០ម៉ូដែល ជាទិន្នន័យរាប់ចាប់ពីអំឡុងឆ្នាំ២០០៣ មកទល់ឆ្នាំ២០២៤ ដែលចងក្រងដោយ VISUAL CAPITALIST៖


១-ម៉ូដែល Nokia 1100 លក់ដាច់ប្រមាណ 250លានគ្រឿងទូទាំងពិភពលោក


២-ម៉ូដែល Nokia 1110 លក់ដាច់ប្រមាណ 248លានគ្រឿងទូទាំងពិភពលោក


៣-ម៉ូដែល iPhone 6/6 Plus លក់ដាច់ប្រមាណ 222លានគ្រឿងទូទាំងពិភពលោក


៤-ម៉ូដែល Nokia 105 Series លក់ដាច់ប្រមាណ 200លានគ្រឿងទូទាំងពិភពលោក


៥-ម៉ូដែល iPhone 6S/6S Plus លក់ដាច់ប្រមាណ 174លានគ្រឿងទូទាំងពិភពលោក


៦-ម៉ូដែល iPhone 5s លក់ដាច់ប្រមាណ 165 លានគ្រឿងទូទាំងពិភពលោក


៧-ម៉ូដែល Nokia 3210 លក់ដាច់ប្រមាណ 161 លានគ្រឿងទូទាំងពិភពលោក


៨-ម៉ូដែល iPhone 7/7 Plus លក់ដាច់ប្រមាណ 160លានគ្រឿងទូទាំងពិភពលោក


៩-ម៉ូដែល iPhone 11/11 Pro/ 11​​​ Pro Max លក់ដាច់ប្រមាណ 159 លានគ្រឿងទូទាំងពិភពលោក


១០-ម៉ូដែល iPhone XR/XS/XS Max លក់ដាច់ប្រមាណ 151លានគ្រឿងទូទាំងពិភពលោក

Sunday, August 17, 2025

ការពារប្រសើរជាងព្យាបាល! អ្នកប្រើ Telegram ត្រូវពិនិត្យកន្លែង៣នេះ ដើម្បីការពារកុំឱ្យគេ Hack


 សព្វថ្ងៃនេះយើងគ្រប់គ្នាដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម គឺងាយនឹងរកផលប៉ះពាល់ពីសំណាក់ក្រុមអ្នក Hacker ដែលព្យាយាមចូលមកគ្រប់គ្រងប្រើប្រាស់គណនីរបស់យើង ឬបន្លំអត្តសញ្ញាណរបស់យើង ទៅធ្វើរឿងមិនគប្បីផ្សេងៗ។ 


នៅក្នុងនោះដែរ Telegram ក៏ជាបណ្ដាញទំនាក់ទំនងឌីជីថលមួយដែលអាចប្រឈមនឹងការទន្ទ្រានចូលកាន់កាប់ពីក្រុមមនុស្សដែលមិនស្គាល់អត្តសញ្ញាណទាំងនោះផងដែរ។ ហេតុនេះហើយដើម្បីធានាបាននូវសុវត្ថិភាព លោកអ្នកគួរតែពិនិត្យលើរឿងសំខាន់ទាំង៣ខាងក្រោមនេះឱ្យបានច្បាស់៖


1). ការផ្ទៀងផ្ទាត់ពីរតង់ (Two-Step Verification)៖ នៅពេលដែលអ្នក log in ចូលទៅក្នុងគណនី Telegram  របស់អ្នកវានឹងលោតលេខកូដសម្រាប់ផ្ទៀងផ្ទាត់ទៅកាន់ Telegram របស់អ្នកដែលនៅក្នុង Device ផ្សេង (ឧទាហរណ៍ថា អ្នក Log ចូលទូរស័ព្ទ វានឹងលោតលេខកូដ OTP ចូលទៅក្នុង កុំព្យូទ័ររបស់អ្នកជាដើម)។ ក្រៅពីលេខកូដបែបនេះ វាក៏អាចទាមទារកូដសម្ងាត់មួយតង់ទៀត ដែលអាស្រ័យលើអ្វីដែលអ្នកបានកំណត់ (ជួនកាលអ្នកអាចកំណត់ជាឈ្មោះសត្វចិញ្ចឹមជាដើម)។ ការផ្ទៀងផ្ទាត់ ២តង់ អាចការពារអ្នកយ៉ាងមានប្រសិទ្ធភាពពីក្រុម Hacker បើទោះបីជាគេ Hack បានលេខទូរស័ព្ទរបស់អ្នកក៏ដោយ ក៏គេពិបាកចូលដល់ Telegram ដែរ។


2). ដាក់លេខកូដតាន់ (Strong password)៖ ចៀសវាងការដាក់លេខកូដងាយៗ ដូចជាលេខរៀង ឬថ្ងៃខែឆ្នាំកំណើតអីជាដើម។ ផ្ទុយទៅវិញគួរតែដាក់មានអក្សរលាយគ្នាធំតូច មានសញ្ញាផ្សេងៗ ដើម្បីកុំឱ្យគេងាយស្មានត្រូវ (ឧទាហរណ៍៖ Gm$7v!Xq9z@Lp2Rt)។


3). ឆែក Active Sessions ជាប្រចាំ៖ ការចូលទៅមើល Active Status នៅក្នុង Device ជួយឱ្យអ្នកដឹងថាពេលនេះ គណនី Telegram របស់អ្នកមាននៅក្នុងឧបករណ៍ណាខ្លះ (កុំព្យូទ័រ, ទូរស័ព្ទ ឬក្នុង iPad ជាដើម)​។ បើសិនជាចូលទៅឃើញមានលើសពីឧបករណ៍ដែលអ្នកបានដាក់ ឬឧបករណ៍ខ្លះអ្នកឈប់ប្រើ គួរណាប្រញាប់ Remove (លុប) ចេញ កុំទុកចោល ដើម្បីបង្ការបញ្ហា។ 


គួរជម្រាបផងដែរថា ក្រៅពីការត្រួតពិនិត្យនូវរឿងទាំង៣ខាងលើ ដើម្បីការពារសុវត្ថិភាព លោកអ្នកក៏គួរតែចៀសវាងពីការចុចមើលតំណភ្ជាប់ (Link) ណាដែលគ្មានប្រភពច្បាស់លាស់ ព្រមទាំងរក្សាការសម្ងាត់ពាក់ព័ន្ធនឹងលេខកូដ ឬព័ត៌មានផ្សេងៗផងដែរ៕



របស់ខ្មែរសុទ្ធតែម្ដង! មកស្គាល់មេធំ ឈរពីក្រោយរោងកុន Legend ដែលបង្កើតឡើងដោយកូនខ្មែរ


 រោងភាពយន្ត លេជេន (Legend Cinema) គឺជា​រោង​ភាពយន្ត​ចំណាត់​ថ្នាក់​លេខ១ លំដាប់​ស្តង់ដារ​អន្តរជាតិ​ដំបូង​គេ​បង្អស់​របស់​កម្ពុជា ​ដែល​បាន​បង្កើតឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរសុទ្ធសាធ និង​បាន​បើក​ដំណើរការ​ចាប់តាំងពី​ឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ន​។


យ៉ាងណាមិញ បុគ្គលសំខាន់បំផុតមួយរូប ដែលបានឈរពីក្រោយរោងភាពយន្តនេះអស់រយៈពេល១៣ឆ្នាំ គឺលោក Te Song ជាស្ថាបនិក និងជានាយកប្រតិបត្តិ។ ក្រៅពីនេះ លោកក៏ជាប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យា Westec Corporation ដែលមានមូលដ្ឋាននៅចំកណ្តាលបេះដូងរាជធានីភ្នំពេញផងដែរ។


គួរជម្រាបថា សព្វថ្ងៃ​រោងភាពយន្ត លេជេន (Legend Cinema) មានសាខាសរុបចំនួន១២ ​រួមមាន ១០ទីតាំងនៅ​រាជធានី​ភ្នំពេញ និង​ ២ទីតាំងទៀត​នៅខេត្ត​សៀមរាប និង​ព្រះសីហនុ​។ រីឯ​សាល​ចាក់​បញ្ចាំង​មាន​ច្រើន​ប្រភេទ​ដូចជា​ សាល​ធម្មតា​, សាល​ព្រីមៀម, សាល​កុមារ​, សាល​យក្ស​, សាល​ស្គ្រីនអ៊ិច និង សាល VIP Hall (Diamond and Gold Class) ដែល​ផ្ដល់​នូវ​បទពិសោធន៍​ដល់​អ្នក​ទស្សនា​យ៉ាង​ប្រណីត​ភាព និង​ឯកជន​ជា​ទី​បំផុត៕





Saturday, August 16, 2025

តិចអត់ដឹង! វេបសាយ AI ៣ នេះអាចធ្វើស្លាយ Presentation បានលឿន ចាយពេលមិនដល់១នាទី

ជាទូទៅប្រសិនបើអ្នកទាំងអស់គ្នាចង់បង្កើត Slide ភាគច្រើនអ្នកនឹងគិតដល់កម្មវិធី Power Point តែយ៉ាងក៏យើងនៅមានវេបសាយជាច្រើនដែលអាចជួយសម្រួលដល់ការធ្វើ slide ឲ្យអ្នកទាំងអស់គ្នាបានលឿនរហ័សនិងមានច្រើនទម្រង់ផងដែរ។ 


ខាងក្រោមនេះជាវេបសាយទាំង៣ដែលប្រើដោយឥតគិតថ្លៃ៖

1. Gamma
របៀបប្រើ:

1.    ចូលទៅកាន់គេហទំព័រ Gamma ហើយបង្កើតគណនី (ឬចូលតាមរយៈគណនី Google)។

2.   ចុចលើប៊ូតុង "Create new" ហើយជ្រើសរើស "Text to deck"។

3.   បញ្ចូលប្រធានបទដែលអ្នកចង់បង្កើត ឬចម្លងខ្លឹមសារដែលមានស្រាប់ទៅក្នុងប្រអប់ដែលគេបានរៀបចំ។

4.   ជ្រើសរើសប្រភេទ (ឧ. presentation, document) និងភាសាដែលអ្នកចង់បាន។

5.   Gamma នឹងចាប់ផ្ដើមបង្កើត slide ដោយស្វ័យប្រវត្តិ។ អ្នកអាចកែប្រែ design ឬបន្ថែមខ្លឹមសារតាមតម្រូវការបានយ៉ាងងាយស្រួល។



2. Canva Magic Design

Canva គឺជាកម្មវិធីដ៏ល្បីល្បាញសម្រាប់ការរចនាក្រាហ្វិកគ្រប់ប្រភេទ ហើយថ្មីៗនេះពួកគេបានបន្ថែមមុខងារ Magic Design ដែលអាចឱ្យអ្នកបង្កើត presentation បានយ៉ាងលឿនដោយប្រើ AI។

របៀបប្រើ:

1.    ចូលទៅកាន់គេហទំព័រ Canva ហើយបង្កើតគណនី (ឬចូលតាមគណនីដែលមានស្រាប់)។

2.   នៅទំព័រដើម (homepage) ស្វែងរក Magic Design ឬ Magic Presentation។

3.   បញ្ចូលប្រធានបទ ឬចំណងជើងដែលអ្នកចង់បង្កើតស្លាយ ដូចជា "របាយការណ៍ទីផ្សារប្រចាំត្រីមាស" ឬ "គន្លឹះដើម្បីថែទាំសុខភាព"។

4.   ជ្រើសរើសរចនាប័ទ្ម (style) និងពណ៌ដែលអ្នកពេញចិត្ត។

5.   Canva នឹងបង្កើតស្លាយមួយឈុតដែលមានទាំងរូបភាព និងអត្ថបទដែលពាក់ព័ន្ធទៅតាមប្រធានបទរបស់អ្នក។

3. Simplified

របៀបប្រើ:

1.    ចូលទៅកាន់គេហទំព័រ Simplified ហើយចុះឈ្មោះ ឬចូលគណនី។

2.   នៅទំព័រដើម (Dashboard) ស្វែងរកមុខងារ "AI Presentation Maker" ។

3.   បញ្ចូលប្រធានបទ ឬព័ត៌មានលម្អិតអំពីអ្វីដែលអ្នកចង់បង្ហាញ។

4.   Simplified នឹងប្រើ AI ដើម្បីបង្កើត slide មួយឈុតឲ្យអ្នកប្រើប្រាស់។

5.   អ្នកអាចកែសម្រួលពណ៌, font, និង layout ឲ្យត្រូវនឹងស្ទីលរបស់អ្នកបាន។ ក្រៅពីនេះ អ្នកក៏អាចបន្ថែម elements ឬ graphics ផ្សេងៗទៀតបានដែរ។




គូសបញ្ជាក់ផងដែរថា ឧបករណ៍ទាំងបីនេះមានភាពងាយស្រួលប្រើប្រាស់ដូចគ្នា។ គ្រាន់តែបញ្ចូលប្រធានបទ នោះវានឹងបង្កើត presentation ឲ្យអ្នកបានយ៉ាងឆាប់រហ័ស។